វិស័យធនាគារនៅកម្ពុជា កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ឆ្លើយតបនឹងបេសកកម្មនេះ ធនាគារ វីង ក្រោមកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលបានការគាំទ្រពីមូលនិធិបរិស្ថានសកល តាមរយៈមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមហិរញ្ញប្បទានដ៏ធំមួយ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាធន់នឹងអាកាសធាតុ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា។

ដើម្បីគាំទ្រដល់គម្រោងនេះ ធនាគារ វីង បានទម្លាក់កញ្ចប់ឥណទានសរុបចំនួន ៣ លានដុល្លារអាមេរិក ដោយផ្តល់ជូននូវឥណទានខ្ពស់រហូតដល់ ២០០,០០០ ដុល្លារអាមេរិក ក្នុងមួយចំណែក ដោយមិនត្រូវការទ្រព្យធានា និងមិនមានគិតថ្លៃសេវាអនុម័តប្រាក់កម្ចីឡើយ។ ឥណទាននេះមានអត្រាការប្រាក់ប្រកួតប្រជែងបំផុត ជាមួយរយៈពេលសងត្រឡប់បត់បែនរហូតដល់ ៣៦ ខែ ជូនដល់កសិករ សហគមន៍កសិកម្ម និងអាជីវកម្មកសិកម្មនានា។
លោក សោម ធីសែន នាយកគ្រប់គ្រងសេវាធនាគារសាធារណៈនៃធនាគារ វីង បានលើកឡើងថា ហិរញ្ញប្បទានបៃតងនេះ នឹងជួយលើកកម្ពស់ជីវភាពកសិករ ពង្រឹងសន្តិសុខស្បៀង និងរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរឹងមាំ។
បច្ចុប្បន្ន គម្រោងនេះកំពុងអនុវត្តយ៉ាងសកម្មនៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងបាត់ដំបង។ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ធនាគារ វីង ក៏បានរៀបចំសិក្ខាសាលានៅទូទាំងខេត្តទាំងនេះ ដើម្បីណែនាំពីរបៀបស្នើសុំឥណទាន និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មឆ្លាតវៃផងដែរ។
ថវិកាពីហិរញ្ញប្បទាននេះ នឹងជួយកសិករវិនិយោគលើបច្ចេកវិទ្យាធន់នឹងអាកាសធាតុ ដូចជាប្រព័ន្ធស្រោចស្រពឆ្លាតវៃ ថាមពលកកើតឡើងវិញ និងប្រព័ន្ធគ្រប់គ្រងក្រោយប្រមូលផល ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនផលិតភាពប្រកបដោយនិរន្តរភាព។


