ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ FTB បានអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈវិស័យ ព្រមទាំងសំណេះសំណាលជាមួយលោកបណ្ឌិត ព្រំ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខេម អេដ ក្នុងកម្មវិធីដែលរៀបចំឡើងនៅវិទ្យាស្ថាន ខេម អេដ (CamEd Business School) កាលពីពេលថ្មីៗនេះ ក្រោមប្រធានបទ «ចក្ខុវិស័យវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា»។

កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធជាក់ស្តែង និងបង្កើនការយល់ដឹងដល់សិស្ស-និស្សិតអំពីតួនាទី សារៈសំខាន់ និងឱកាសការងារក្នុងវិស័យធនាគារ ព្រមទាំងជួយឱ្យពួកគេត្រៀមខ្លួនកាន់តែប្រសើរសម្រាប់អាជីពនាពេលអនាគត។
គួរឱ្យដឹងថា ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB តែងតែប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ជាពិសេសតាមរយៈការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

តាមរយៈការផ្តល់ការឧបត្ថម្ភ ឱកាសអភិវឌ្ឍជំនាញ និងឱកាសការងារ ធនាគារ FTB មានបំណងជួយយុវជនកម្ពុជាឱ្យអភិវឌ្ឍសមត្ថភាព ឈោងចាប់ក្តីសុបិន និងក្លាយជាកម្លាំងស្នូលក្នុងការចូលរួមកសាងសង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕






