ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ជីវភាពកសិករខ្នាតតូច តាមរយៈការចូលរួមកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់មួយ កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលនៃធនាគារ ARDB ដោយមានការចូលរួមពីក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជំនួបកំពូលនៃស្ថាប័នទាំងបីនេះ ធ្វើឡើងក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ក្នុងគោលបំណងរួមគ្នាតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង។ ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានជជែកដេញដោលយ៉ាងស៊ីជម្រៅលើបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក និងស្វែងរកដំណោះស្រាយរួមមួយ ដើម្បីជំរុញឱ្យការផ្តល់ឥណទានជូនដល់អ្នកទទួលផលពីគម្រោង ASPIRE-AT កាន់តែមានភាពរលូន ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងដល់កសិករខ្នាតតូចឱ្យទទួលបានប្រភពទុនទាន់ពេលវេលា ដើម្បិពង្រីកការដាំដុះ និងពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។





