Cam Bank News

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមបេសកកម្មសកល AFI ដើម្បីអនាគតបរិយាបន្នហិរញ្ញវត្ថុ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។

ព្រឹត្តិការណ៍កម្រិតសកលនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទយ៉ាងមានអត្ថន័យគឺ «ភាពធន់នៃសេដ្ឋកិច្ច និងអនាគតនៃបរិយាបន្នហិរញ្ញវត្ថុ»។ នេះជាវេទិកាដ៏មានសារៈសំខាន់ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបើកឱកាសឱ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ធ្វើការចែករំលែកចំណេះដឹង ទស្សនាទានថ្មីៗ និងផ្លាស់ប្តូរបទពិសោធល្អៗ ទាក់ទងនឹងការជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។ 

អ្វីដែលជាការកត់សម្គាល់ វេទិកាគោលនយោបាយសកល AFI ឆ្នាំ២០២៦ (2026 AFI Global Policy Forum) នេះ បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករសរុបជាង ៨០០រូប។ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំកំពូលៗនៃធនាគារកណ្តាល អាជ្ញាធរត្រួតពិនិត្យ អាជ្ញាធរបរិយាបន្នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាតំណាងមកពីវិស័យឯកជន ដែលអញ្ជើញមកពី ៩០ស្ថាប័ន នៃប្រទេសចំនួន ៧៤ មកពីគ្រប់ទ្វីបទាំងអស់នៅលើសកលលោក។ 

វត្តមានរបស់គណៈប្រតិភូធនាគារជាតិនៃកម្ពុជា មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការលើកកម្ពស់មុខមាត់ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចសកលផងដែរ។

គួររំលេចថា AFI គឺជាស្ថាប័នពិភពលោកឈានមុខក្នុងការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ ដែលត្រូវបានដឹកនាំដោយបណ្តាធនាគារកណ្តាល និងស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុដែលជាសមាជិក។

Related Articles