លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង កិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងគុណភាពឥណទាន និងការគ្រប់គ្រងឥណទានមិនដំណើរការប្រកបដោយទំនួលខុសត្រូវ» ដែលជាផ្នែកមួយនៃសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំតំបន់ និងសាខា ស្តីពី «ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីភាពរីកចម្រើនដោយចីរភាព» ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

កិច្ចពិភាក្សាតុមូលនេះមានគោលបំណងចែករំលែកចំណេះដឹង និងឧត្តមានុវត្តពាក់ព័ន្ធនឹងការពង្រឹងគុណភាពឥណទាន ការកំណត់ហានិភ័យ ការគ្រប់គ្រង និងការដោះស្រាយបញ្ហាឥណទាន ជាពិសេសការពង្រឹងការដោះស្រាយបញ្ហាបណ្តឹងរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។ កិច្ចពិភាក្សានេះក៏បានផ្តោតលើវិធានការជាក់ស្តែងមួយចំនួនដែលថ្នាក់ដឹកនាំតំបន់ និងសាខាអាចយកទៅអនុវត្តក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីជំរុញដល់ការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ និងកាត់បន្ថយហានិភ័យនៃឥណទានមិនដំណើរការ (NPL)។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាង សមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវអនុប្រធានក្រុមប្រឹក្សាភិបាល ក៏បានអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលា ដោយបានគូសបញ្ជាក់ថា «ការរីកចម្រើនប្រកបដោយចីរភាព ជាជម្រើសល្អជាងការរីកចម្រើនដែលផ្តោតតែលើប្រាក់ចំណេញក្នុងរយៈពេលខ្លី»។ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចការពារអតិថិជន ចំណេះដឹងហិរញ្ញវត្ថុ ក្រមប្រតិបត្តិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ។

គួររំលឹកដែរថា សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំតំបន់ និងសាខា ក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពគ្រប់គ្រងប្រតិបត្តិការរបស់គ្រឹះស្ថាន តាមរយៈការរៀនសូត្រពីបទពិសោធជាក់ស្តែង ការពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងឈ្វេងយល់អំពីវិធានការនានាដែលគ្រឹះស្ថានគួរអនុវត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ តាមរយៈការសហការរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា សិក្ខាសាលានេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអនុវត្តនៅក្នុងវិស័យធនគារ និងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕



