ក្នុងស្មារតីលើកកម្ពស់រូបិយវត្ថុជាតិ និងបោះជំហានទៅមុខក្នុងយុគសម័យឌីជីថល ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការផ្សព្វផ្សាយ «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» ជាមួយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នាសាលប្រជុំសាលាខេត្តកំពតថ្មី។

ព្រឹត្តិការណ៍ដ៏ធំប្រចាំខេត្តនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលខេត្តកំពត។

ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ធនាគារ ខេប៊ីប្រាសាក់ បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈស្តង់ពិព័រណ៍ដ៏ទំនើប ដែលជាបេះដូងនៃការចែករំលែក «ចំណេះដឹងហិរញ្ញវត្ថុឌីជីថល» ជូនដល់សាធារណជន។ មិនត្រឹមតែជាការតាំងបង្ហាញធម្មតានោះទេ ស្តង់របស់ ខេប៊ីប្រាសាក់ បានក្លាយជាវេទិកាអប់រំដ៏រស់រវើក ជួយណែនាំបងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងពី វិធីសាស្ត្រគ្រប់គ្រងលំហូរទូទាត់ប្រចាំថ្ងៃ ការកសាងទម្លាប់សន្សំដ៏ឆ្លាតវៃ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (KB PRASAC Mobile App) ដើម្បីធ្វើឱ្យការរស់នៅកាន់តែងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។
ធនាគារ ខេប៊ីប្រាសាក់ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឈរជើងជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត ព្រមទាំងបន្តជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្ររាល់យុទ្ធនាការលើកស្ទួយប្រាក់រៀលជាតិ ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាជានិរន្តរ៍៕




