Cam Bank News

មហាសេដ្ឋីអ្នកឧកញ៉ា គិត ម៉េង៖ «រឿងមួយទាក់ទងនឹងលុយដែលគ្មាននរណាម្នាក់ប្រាប់អ្នក»

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានលើកឡើងថា រឿងមួយទាក់ទងនឹងលុយដែលគ្មាននរណាម្នាក់ប្រាប់យើងនោះទេ។ នៅលើកបណ្តាញសង្គមនាថ្ងៃទី៣ ខែវិច្ឆិកានេះ អ្នកឧកញ៉ាថា ការរកលុយបានច្រើនធ្វើឱ្យយើងមានអារម្មណ៍រំភើប។ ការរក្សាលុយទុកធ្វើឱ្យយើងមានអារម្មណ៍ធុញ។ នោះហើយជាមូលហេតុដែលមនុស្សជាច្រើនរៀនពីរបៀបរកលុយ ប៉ុន្តែមិនដែលរៀនពីរបៀបកសាងទ្រព្យសម្បត្តិរយៈពេលវែងឡើយ។

អ្នកជំនួញដ៏លេចធ្លោមួយរូបនេះ បានថ្លែងថា សង្គមយើងលើកសរសើរពីការចំណាយលុយ។ ប៉ុន្តែមនុស្សតិចតួចប៉ុណ្ណោះដែលលើកសរសើរពីការសន្សំលុយ។ ការចំណាយអាចទាក់ទាញការចាប់អារម្មណ៍ ខណៈការសន្សំអាចផ្តល់ឱ្យយើងនូវសេរីភាពផ្នែកហិរញ្ញវត្ថុ។

ខ្ញុំយល់ពីមូលហេតុដែលមនុស្សវ័យក្មេងចង់រីករាយនឹងភាពជោគជ័យរបស់ខ្លួន។ អ្នកបានខិតខំប្រឹងប្រែងដើម្បីទទួលបានភាពជោគជ័យនេះ។ អ្នកសមនឹងទទួលបានវា។ប៉ុន្តែសូមចងចាំថា គោលបំណងនៃការមានលុយមិនមែនគ្រាន់តែដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីធ្វើឱ្យអនាគតរបស់អ្នកកាន់តែប្រសើរផងដែរ។អ្នកយល់រឿងនេះបានកាន់តែឆាប់ អនាគតហិរញ្ញវត្ថុរបស់អ្នកក៏នឹងកាន់តែប្រសើរ និងរឹងមាំជាងមុនដែរ។

គួរឱ្យដឹងថា អ្នកឧកញ៉ា គិត​ ម៉េង គឺជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅកម្ពុជា ដែលមកទល់ពេលនេះ អ្នកឧកញ៉ា គិត ម៉េង បានក្លាយទៅជាម្ចាស់ Royal Group ដែលមានបុត្រ​សម្ព័ន្ធ​ក្រុម​ហ៊ុន​សឹង​តែគ្រប់វិស័យ ក៏ដូចជាមានទ្រព្យសម្បត្តិខ្ទង់ ប៊ីលានដុល្លារសហរដ្ឋអាមេរិចឯណោះ។អ្នកឧកញ៉ាជារឿយៗក៏តែងតែចែករំលែកយុទ្ធសាស្រ្តទុកដាក់លុយកាក់ផងដែរ៕

Related Articles