ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកនាំសហការីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករជាង ៣០០នាក់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម តាំង ម៉េងលាង អភិបាលរងខេត្តកំពង់ធំ លោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង រួមទាំងតំណាងមន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ និងតំណាងសហគមន៍កសិកម្មយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការចុះជួបផ្ទាល់នេះ គឺដើម្បីបង្ហាញឱ្យកសិករស្គាល់ច្បាស់ពីតួនាទីគាំទ្ររបស់ធនាគារ ARDB ស្គាល់ពីសមាគមបណ្តាញកសិករតេជោ និងដើម្បីជជែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងការធ្វើកសិកម្មរបស់បងប្អូននៅក្នុងស្រុកស្ទោង។
ផ្អែកលើចក្ខុវិស័យវែងឆ្ងាយ ឯកឧត្តមបណ្ឌិត បានពន្យល់យ៉ាងក្បោះក្បាយពីតួនាទីស្នូលរបស់សមាគមបណ្តាញកសិករតេជោ ដែលប្រៀបដូចជា «ស្ពាន៤ និងខែល១» សម្រាប់កសិករ រួមមាន ស្ពានទី១ គឺស្ពានហិរញ្ញវត្ថុជួយភ្ជាប់ទៅប្រភពដើមទុន ស្ពានទី២ គឺស្ពានបច្ចេកទេសនាំយកចំណេះដឹងដាំដុះថ្មីៗ ស្ពានទី៣ គឺស្ពានទីផ្សារជួយរកក្រុមហ៊ុនចុះទិញកសិផល និងស្ពានទី៤ គឺស្ពានសំឡេងនាំយកទុក្ខលំបាកកសិករទៅថ្នាក់ដឹកនាំដើម្បីដោះស្រាយបានទាន់ពេល ព្រមទាំងមាន ខែល១ សម្រាប់ការពារភាពស្របច្បាប់ និងផ្តល់ប្រឹក្សាច្បាប់ជូនកសិករថែមទៀតផង។

ពាក់ព័ន្ធនឹងកង្វល់រឿងទុន ឯកឧត្តមបណ្ឌិតបានរំលឹកថា ធនាគារ ARDB តែងតែត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាបនិងសមរម្យ ដើម្បីធានាថាការវិនិយោគរបស់កសិករទទួលបានផលចំណេញត្រឡប់មកវិញ។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតក៏បានដាក់ចេញនូវការក្រើនរំលឹកឱ្យកសិករប្រុងប្រយ័ត្នលើបញ្ហាប្រភពទឹក ដោយសារឥទ្ធិពលបាតុភូត ស៊ុពើអែលនីញ៉ូ (Super El Niño) ដែលអាចបង្កឱ្យមានកង្វះខាតទឹកនៅពេលខាងមុខ និងបានជម្រុញឱ្យកសិករចាប់អារម្មណ៍លើការគិតគូរថ្លៃដើមផលិតស្រូវឱ្យបានលម្អិត ដើម្បីដឹងច្បាស់ពីទំហំចំណេញ ឬខាតនៅពេលលក់កសិផលម្តងៗ។




