Cam Bank News

អគ្គនាយកធនាគារ ARDB ៖ «គ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសយើងបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងនូវទស្សនៈមួយថា «គ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសយើងបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់» ចូរចាត់ទុកអតីតកាលជាមេរៀន​ ថ្ងៃនេះជាឱកាស​ និងជាការបើកទំព័រថ្មីនៃជោគវាសនា​ ថ្ងៃស្អែក​ជាជោគជ័យដែលកំពុងរង់ចាំយើង»។

ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ​ឯកឧត្តមបណ្ឌិត កៅ ថាចបានថ្លែងសារដាស់តឿន និងបំផុសទឹកចិត្តយ៉ាងមានអត្ថន័យជ្រាលជ្រៅទៅកាន់សិស្សានុសិស្សថា ៖ «សូមប្អូនៗចាត់ទុកអតីតកាលជាមេរៀន​ ត្រឹមថ្ងៃនេះតទៅជាការបើកទំព័រថ្មីនៃសៀវភៅផ្នត់គំនិត ចំណេះដឹងដែលនឹងកំណត់ជោគវាសនាខ្លួនឯងទៅថ្ងៃអនាគត ពីព្រោះគ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសប្អូនៗបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»។

ឯកឧត្តមបណ្ឌិត បានរំលឹកដល់សិស្សានុសិស្សថា ភាពពូកែឆ្លាតវៃ​ និងភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យ ឬឯកឯងនោះទេ គឺទាមទារនូវការលះបង់ ការប្រឹងប្រែង និងវិធីសាស្ត្រសិក្សាស្រាវជ្រាវត្រឹមត្រូវជាប្រចាំ។ ក្នុងនោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សានុសិស្សយកពុទ្ធឱវាទនៃអង្គ ៤ គឺ «សុ ចិ បុ លិ» មកធ្វើជាត្រីវិស័យប្រចាំ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវ «គន្លឹះមាស៤» សម្រាប់ការអភិវឌ្ឍខ្លួន ៖

• ទី១. ផ្លាស់ប្តូរផ្នត់គំនិត ៖ ត្រូវលុបបំបាត់ពាក្យថា «ខ្ញុំធ្វើមិនបាន» ហើយជំនួសមកវិញដោយពាក្យថា «ខ្ញុំមិនទាន់ចេះ» ដើម្បីបើកឱកាសឱ្យខ្លួនឯងបន្តរៀនសូត្រ។

• ទី២. ជៀសវាងអន្ទាក់នៃការប្រៀបធៀប ៖ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃរហូតបាត់បង់ទំនុកចិត្ត ព្រោះដំណើរជីវិតរបស់មនុស្សម្នាក់ៗមានចង្វាក់ និងគោលដៅខុសៗគ្នា​ បៀបបាននឹង​ ផ្ការឈូក​ ផ្ការម្លេះ​ និងផ្ការឈូករ័ត្ន​ រីកក្នុងរដូវកាលខុសគ្នា។

• ទី៣. ធ្វើជាម្ចាស់លើបច្ចេកវិទ្យា ៖ ស្មាតហ្វូនជាឧបករណ៍បម្រើមនុស្ស ដូច្នេះត្រូវចេះបញ្ជា និងប្រើប្រាស់វាឱ្យចំណេញដល់ចំណេះដឹង កុំបណ្តោយឱ្យស្មាតហ្វូនត្រឡប់មកគ្រប់គ្រងយើង ឬក្លាយជា «ចោរប្លន់ពេលវេលា ក្តីសង្ឃឹមនិងអនាគត» របស់យើងវិញ។

• ទី៤. ភាពវៃឆ្លាតកើតចេញពីការមិនចុះចាញ់ ៖ ភាពឆ្លាតវៃមិនមែនកើតចេញពីកំណើតនោះទេ ពោលគឺកើតចេញពីការសន្សំចំណេះដឹងបន្តិចម្តងៗ​ អ្វីដែលសំខាន់បំផុតគឺ «ភាពអត់ធ្មត់ ការមិនបោះបង់ និងការស្រាវជ្រាវមិនឈប់ឈរ»៕

Related Articles