Cam Bank News

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាមួយធនាគារពិភពលោក អនុវត្តន៍គម្រោងធ្វើផ្លូវ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ។

ក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល បានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការ ជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល។

សម្តេចបន្តថា តាមរយៈថវិកាគម្រោង ប្រមាណ២៧០លានដុល្លារ ដែលត្រូវអនុវត្ដចំនួន១៨ខែ យើងនឹងធ្វើការជាមួយធនាគារពិភពលោក ដើម្បីបង្វិលថវិកាក្នុងគម្រោង ដែលយើងធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដដែល គ្រាន់តែមិនប្រើរោងចក្រ ដោយធ្វើកុងត្រាជាមួយសហគមន៍ ដើម្បីផ្ដល់ការងារនៅក្នុងសហគមន៍ ដូច្នេះថវិកានេះ មិនត្រឹមតែបានក្រុមហ៊ុនកុងត្រានោះទេ គឺចូលទៅក្នុងសហគមន៍។

បើតាមរដ្ឋាភិបាល បានគូសបញ្ជាក់ថា គម្រោងនេះ ត្រូវអនុវត្ដជាបន្ទាន់ ដោយមិនត្រូវចាំ៥ឆ្នាំនោះទេ គឺដាក់ចូលដើម្បីអនុវត្ត នៅក្នុងរយៈពេល១៨ខែ ដោយចាប់ផ្ដើមពីដើមឆ្នាំ២០២៧ តទៅ៕

Related Articles