Cam Bank News

«គណនីក្មេងឆ្លាត» របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានជាប់ឈ្មោះទទួលពានរង្វាន់ «ផលិតផលសេវាហិរញ្ញវត្ថុច្នៃប្រឌិតល្អបំផុតប្រចាំឆ្នាំ ក្នុងវិស័យសេវាហិរញ្ញវត្ថុ »

អម្រឹត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា និងមានប្រតិបត្តិការអស់រយៈពេលជាង ៣៥ ឆ្នាំ បានទទួលពានរង្វាន់ «ផលិតផលសេវាហិរញ្ញវត្ថុច្នៃប្រឌិតល្អបំផុតប្រចាំឆ្នាំ ក្នុងវិស័យសេវាហិរញ្ញវត្ថុ » សម្រាប់ «គណនីក្មេងឆ្លាត» ក្នុងកម្មវិធី Asian Innovation Excellence Awards 2026 ដែលរៀបចំឡើងដោយទស្សនាវដ្តីធុរកិច្ចតំបន់អាស៊ី Asian Business Review ។

ពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះភាពច្នៃប្រឌិត និងគុណតម្លៃរបស់ «គណនីក្មេងឆ្លាត» ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់គ្រួសារកម្ពុជា។ «គណនីក្មេងឆ្លាត» គឺជាគណនីសន្សំរួមរវាងមាតាបិតា និងកូនៗ ដែលផ្តល់អត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា និងលើកទឹកចិត្តឱ្យមានការសន្សំជាប្រចាំ ដោយអាចចាប់ផ្តើមសន្សំចាប់ពី ១.៥០០ រៀល ក្នុងមួយថ្ងៃ ឬ  ជាង ៤.៥០០ រៀល ក្នុងមួយខែ ។ ក្នុងអំឡុងពេលសន្សំ អតិថិជនទទួលបានការការពារធានារ៉ាប់រងអាយុជីវិតរហូតដល់ ៤.០០០ ដុល្លារ ក្នុងករណីទទួលមរណភាព ឬបាត់បង់សមត្ថភាពបន្តការងារ។  «គណនីក្មេងឆ្លាត» ក៏ផ្តល់រង្វាន់លើកទឹកចិត្តចំនួន ១.០០០ ដុល្លារ ជូនដល់កូនៗរបស់អតិថិជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសឆ្នើម។

គួរឱ្យដឹងថា អម្រឹត បានដាក់ឱ្យដំណើរការ «គណនីក្មេងឆ្លាត» កាលពីឆ្នាំ ២០២០ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុតាំងពីវ័យកុមារ ជំរុញការបង្កើតទម្លាប់សន្សំរយៈពេលវែង និងជួយគាំទ្រអតិថិជនក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ការសិក្សាកម្រិតឧត្តមសិក្សាកូនៗរបស់ពួកគេ។ 

សូមជម្រាបថា អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលមានប្រតិបត្តិការជាង ៣៥ ឆ្នាំ និងបានចូលរួមចំណែកជាវិជ្ជមានដល់សង្គម។ បច្ចុប្បន្ន អម្រឹតកំពុងបម្រើអតិថិជនជិត មួយលាននាក់ តាមរយៈបណ្តាញសាខាចំនួន ១៥០ ទូទាំងប្រទេសកម្ពុជា ដោយមានការគាំទ្រពីបុគ្គលិកជាង ៤.៧០០ នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ អម្រឹត មានទ្រព្យសកម្មសរុបជាង ២ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុបលើសពី ១,៥ ពាន់លានដុល្លារអាមេរិក និងផលប័ត្រឥណទានប្រមាណជាង ១,៧ ពាន់លានដុល្លារអាមេរិក៕

Related Articles