ដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាសកល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រងនៃ ធនាគារ BRIDGE ជាង ៣០ រូប បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពិសេសមួយស្តីពី «បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI)» ក្នុងគោលបំណងពង្រឹងសមត្ថភាពដឹកនាំ និងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅដល់ថ្នាក់ដឹកនាំរបស់ធនាគារ អំពីសមត្ថភាពស្នូល អត្ថប្រយោជន៍ និងដែនកំណត់នៃបច្ចេកវិទ្យា AI ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ កម្មវិធីក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការវិភាគហានិភ័យ ការការពារសុវត្ថិភាពទិន្នន័យ និងការដាក់ចេញនូវវិធានការការពារនានា ដើម្បីធានាថា រាល់ការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរបស់ធនាគារ គឺធ្វើឡើងដោយមានក្រមសីលធម៌ និងសុវត្ថិភាពបំផុត។
ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ធនាគារ BRIDGE ប្តេជ្ញាបន្តជំរុញកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស និងទទួលយកនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដើម្បីកសាងធនាគារឱ្យក្លាយជាស្ថាប័នមួយដែលកាន់តែឆ្លាតវៃ មានប្រសិទ្ធភាពខ្ពស់ និងឈានមុខគេក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។

ធនាគារ ប្រ៊ីដ ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុង ឆ្នាំ ២០១៤ ជាធនាគារឯកទេស និងទទួលបានអជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២២ ពីធនាគារជាតិនៃកម្ពុជា។
សូមបញ្ជាក់ថា ធនាគារ ប្រ៊ីដ គឺជាផ្នែកមួយនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ពីសំណាក់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលបានពង្រីកការគ្រប់គ្រងទៅលើវិស័យដែលមានសក្ដានុពល រួមមានវិស័យភ័ស្ដុភារ អចលនទ្រព្យ សំណង់អគារ តំបន់សេដ្ឋកិច្ចពិសេស អាហារនិងភេសជ្ជៈ ពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូនសាច់ប្រាក់សុទ្ធ សេវាកម្មដំណើរការអាជីវកម្មខាងក្រៅ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត៕




