Cam Bank News

ធនាគារ កាណាឌីយ៉ា ចូលរួមកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ តាមរយៈការឧបត្ថម្ភក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦

ធនាគារ កាណាឌីយ៉ា បានរួមគ្នាកសាងអនាគតវិស័យធនាគារដែលប្រកបដោយភាពរឹងមាំ និងទំនុកចិត្ត ដោយធនាគារ កាណាឌីយ៉ា មានមោទនភាពក្រៃលែងក្នុងការឧបត្ថម្ភ និងចូលរួមក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី១៩–២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ។

ក្រោមមូលបទ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ» កម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននិយ័តកម្ម ថ្នាក់ដឹកនាំធនាគារ និងអ្នកជំនាញល្បីៗក្នុងកម្រិតអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងរកយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងគុណភាពឥណទាន ការពង្រឹងការអនុលោមតាមបទប្បញ្ញត្តិ ការការពារអតិថិជនលើប្រព័ន្ធឌីជីថល ព្រមទាំងការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់អាជីវកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦  បានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់       វិស័យធនាគារនៅកម្ពុជា។

ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជឈានមុខគេមួយ​នៅ​កម្ពុជា​របស់លោក​អ្នកឧកញ៉ា​ ពុង ឃាវសែ។ គិតមកដល់ពេលនេះ ធនាគារ កាណាឌីយ៉ា ​មាន​វត្តមាន​លើទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា រយៈពេល​ជាង​៣០ឆ្នាំ​មកហើយ ពោលបាន​បើក​ដំណើរការ​ដំបូង កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១៕

Related Articles