Cam Bank News

អគ្គនាយកធនាគារ ARDB៖ វិបត្តិអាកាសធាតុជាបញ្ហាសេដ្ឋកិច្ចធំធេង ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុ បំប្លែងគោលដៅទៅជាសកម្មភាពពិត

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific – ADFIAP) បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដ៏សំខាន់ ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ចូលរួមប្រែក្លាយគោលដៅអាកាសធាតុទៅជាសកម្មភាពជាក់ស្តែង។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ហិរញ្ញប្បទានសាធារណៈតែមួយមុខ មិនអាចឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានដ៏ធំនេះបានទេ ដូច្នេះ ការប្រើប្រាស់ ហិរញ្ញប្បទានចម្រុះ ការធានាឥណទាន មូលបត្របំណុលប្រកបដោយចីរភាព (Sustainable Bonds) និងជំនួយបច្ចេកទេសដើម្បីកាត់បន្ថយហានិភ័យ និងការកៀរគរទុនឯកជន គឺមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសក្នុងតំបន់ គឺជាគន្លឹះក្នុងការចែករំលែកបទពិសោធន៍ ការដោះស្រាយឧបសគ្គ និងរួមគ្នាជំរុញតំបន់អាស៊ី និងប៉ាស៊ីហ្វិកឱ្យឆ្ពោះទៅរកអនាគតដែលមានភាពធន់។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ បានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ពិភាក្សាលើឧបករណ៍ហិរញ្ញវត្ថុ និងប្រមូលធាតុចូលសម្រាប់ការស្រាវជ្រាវរបស់ក្រុម Special Interest Group 2 ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ របស់ ADFIAP។ លទ្ធផល និងធាតុចូលនៃកិច្ចពិភាក្សាតុមូលនាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការជំរុញអនុសាសន៍គោលនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព។

Related Articles