Cam Bank News

ធនាគារ CIMB ម៉ាឡេស៊ី ប្តេជ្ញាបន្តគាំទ្រការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល បន្តពង្រីក និងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់របស់ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ Datuk Syed Zaid Bin Syed Jaffar Albar ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច កត្តាប្រឈម ការវិវត្តនៃវិស័យធនាគារ និងឱកាសដែលកើតចេញពីការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម ក្នុងតំបន់ និងសកលលោក។

ជាមួយគ្នានេះ លោក Muhammad Novan Bin Amirudin បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ធនាគារ CIMB នៅកម្ពុជា ព្រមទាំងបានបង្ហាញពីផែនការក្នុងការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងទីផ្សារ។ លោកក៏បានបញ្ជាក់អំពីការបន្តគាំទ្រការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការបន្តពង្រីក និងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការបន្តវិនិយោគ និងអភិវឌ្ឍប្រតិបត្តិការនៅកម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់របស់វិស័យធនាគារក្នុងការគាំទ្រដល់សកម្មភាពអាជីវកម្ម និងផលិតកម្ម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការជំរុញការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់។

លោកជំទាវទេសាភិបាលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ដែលមានសារៈសំខាន់ក្នុងការសម្រួលការទូទាត់ឆ្លងដែន ពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ និងជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ស្របតាមការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់។

Related Articles