ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពជាធនាគារខ្មែរ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី ធនាគារដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World’s Top Performing Banks 2026) ដោយទស្សនាវដ្ដី Forbes។

ការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុចសំខាន់ រួមមាន៖
- ប្រាក់ចំណេញ
- កំណើន និងគុណភាពប្រាក់ចំណូល
- ភាពរឹងមាំដើមទុន និងប្រភពហិរញ្ញវត្ថុ
- ប្រសិទ្ធភាព និងគុណភាពទ្រព្យសកម្ម
ជាលទ្ធផល មានធនាគារចំនួន ៥០០ មកពី ៨៩ ប្រទេស ដែលក្នុងនោះ មានធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយទស្សនាវដ្តី Forbes ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសកលរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការល្អប្រសើរនៅលើទីផ្សារ នៅក្នុងប្រទេសទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងកម្ពុជា (មាន ២៦៣សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៧សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា) ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា សេវាប័ណ្ណ សេវាឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត ។


