Cam Bank News

ធនាគារ ARDB និងធនាគារ BBG ចិន ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជំរុញការផ្តល់សេវាធនាគារទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារ GUANGXI BEIBU GULF BANK (BBG) បានបើកកិច្ចប្រជុំពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៅទីស្នាក់ការកណ្តាលធនាគារ BBG ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ គឺឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសន្និសីទកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ អាស៊ាន-ចិន (China-ASEAN Financial Cooperation and Development Forum)។

មុនឈានដល់ជំនួបពិភាក្សាផ្លូវការ តំណាងភាគីធនាគារ BBG បានអញ្ជើញប្រតិភូធនាគារ ARDB ចូលទស្សនកិច្ចសាលពិព័រណ៍ «បច្ចេកវិទ្យាឌីជីថលនៃធនាគារ Beibu Gulf» (Digital Intelligence Driving a New Beibu Gulf Bank Exhibition Center) ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធប្រតិបត្តិការឌីជីថលទំនើបរបស់ធនាគារ BBG ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា AI។

ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តម បាន លឹម អគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី ឯកឧត្តមបណ្ឌិត កៅ ថាច ជូនចំពោះថ្នាក់ដឹកនាំធនាគារ BBG ដែលតែងតែជាធនាគារដៃគូផ្តល់សេវាទូទាត់ឆ្លងដែនយ៉ាងជិតស្និទ្ធជាមួយធនាគារ ARDB។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជំរុញការផ្តល់សេវាធនាគារទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងការគាំទ្រលើការប្រើប្រាស់បច្ចេកវិទ្យា AI។

Related Articles