Cam Bank News

ធនាគារ វីង ឈ្នះពានរង្វាន់​ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2026ពីស្ថាប័នអន្តរជាតិ Euromoney

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកលូតលាស់យ៉ាងឆាប់រហ័សមួយ ទទួលបានពានរង្វាន់ជា “ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2026” ពីកម្មវិធីប្រគល់ពានរង្វាន់ដែលរៀបចំឡើងដោយស្ថាប័នអន្តរជាតិ Euromoney នៅក្នុងប្រទេសសិង្ហបុរី ខណៈដែលការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏ស្វាហាប់របស់ វីង ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា រហូតក្លាយជាធនាគារពាណិជ្ជ។ ជ័យលាភីនេះ ក៏បានធ្វើឱ្យធនាគារ វីង ឈរនៅលំដាប់ជួរមុខគេ នៅក្នុងវិស័យធនាគារកម្ពុជាដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ស្របពេលដែលធនាគារជាង៥០ ស្ថាប័នផ្សេងទៀត កំពុងតែពន្លឿនសមត្ថភាពឌីជីថលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន។ 

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញនៅចុងឆ្នាំ២០២០មក ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នកំពុងបម្រើអតិថិជនជាង ១៥ លានគណនី តាមរយៈអេប Wing Bank និងបណ្តាញភ្នាក់ងារ វីង ជាង ១២ ០០០កន្លែងទូទាំងប្រទេស សាខាជិត ៣០ទីតាំង ​ព្រមទាំងមានជាង ២០០,០០ដៃគូអាជីវកម្ម។ 

កញ្ញា  គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង  បានគូសបញ្ជាក់ថា៖ “ពានរង្វាន់អន្តរជាតិដែលប្រគល់ដោយ Euromoney នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ឥតឈប់ឈររបស់យើង ក្នុងការធ្វើឱ្យសេវាធនាគារកាន់តែសាមញ្ញ ងាយស្រួលប្រើប្រាស់ និងឆ្លើយតបតម្រូវការអតិថិជនរបស់យើងក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបការងារ និងចាត់ចែងហិរញ្ញវត្ថុផ្សេងៗ”។ 

ធនាគារ វីង ក្នុងឆ្នាំ២០២៥ បានក្លាយជាធនាគារពាណិជ្ជធំជាងគេលំដាប់ថ្នាក់កំពូលទាំង ៥ នៅកម្ពុជា ផ្អែកលើទំហំទ្រព្យសកម្មសរុប ៣,៦ ពាន់លានដុល្លារ ប្រាក់បញ្ញើ ២,៩៩ ពាន់លានដុល្លារ និងកម្ចី ២,២៣ ពាន់លានដុល្លារ។ ធនាគារនេះបានដំណើរការជាង ៦០០ លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុប ៥៥ ពាន់លានដុល្លារ។ ជាមួយគ្នានេះ វីងមានអតិថិជនកម្ចីឌីជីថលចំនួន ៣០០,០០០ នាក់ ដែលជួយសម្រួលដល់ការទទួលបានឥណទានផ្លូវការ និងមានគណនីសន្សំដើម្បីគោលដៅជាង ៤០,០០០ គណនី ដើម្បីជួយអតិថិជនសម្រេចរាល់គោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ 

Related Articles