ធនាគារ ABA និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីគាំទ្រគម្រោងថ្នាលហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី (WE Financial Support Hub) ដែលជាគំនិតផ្តួចផ្តើម បង្កើតឡើងក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រីក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូនេះ នាំយកជំនាញការហិរញ្ញវត្ថុ សមត្ថភាពនៃការផ្តល់ហិរញ្ញប្បទាន ដំណោះស្រាយសេវាធនាគារឌីជីថល និងផលិតផលកម្ចីដ៏សម្បូរបែបរបស់ធនាគារ ABA ជាមួយនឹងបណ្តាញដ៏ទូលំទូលាយរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការគាំទ្រសហគ្រិនស្ត្រី។ ធនធានសំខាន់ៗទាំងនេះ មានបំណងជួយជ្រោមជ្រែងពួកគាត់ស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់តម្រូវការផ្នែកហិរញ្ញវត្ថុ ពង្រឹងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងលទ្ធភាពទទួលបានដើមទុន ព្រមទាំងដំណោះស្រាយនានាដែលពួកគាត់ត្រូវការដើម្បីពង្រីកអាជីវកម្មឲ្យកាន់តែប្រសើរឡើងជាលំដាប់។
កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ2026 កន្លងទៅនេះ ពិធីចុះហត្ថលេខា មានការអញ្ជើញចូលរួមដោយ លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគី របស់ធនាគារ ABA និងលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រី ព្រមទាំងក្រុមការងាររបស់ភាគីទាំងពីរ ផងដែរ។

កិច្ចសហការក្រោមគម្រោងថ្នាលហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី ក៏ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាពីធនាគារ ABA និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការជំរុញបរិយាកាសអាជីវកម្មប្រកបដោយបរិយាបន្ន និងមានការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យមគ្រប់គ្រងដោយស្ត្រីក្នុងប្រទេសកម្ពុជា។
សម្លឹងឆ្ពោះទៅមុខ ធនាគារ ABA និងបន្តគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់បរិយាបន្នហិរញ្ញវត្ថុ ការលើកកម្ពស់សេដ្ឋកិច្ចស្ត្រី និងបន្តដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិកាន់តែទូលំទូលាយ។




