Cam Bank News

ធនាគារ វីង និងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ចាប់ដៃគូជំរុញកំណើនឧស្សាហកម្ម និងបរិយាបន្នហិរញ្ញវត្ថុ

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ឯ.ក  បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកសេវាធនាគារ និងហិរញ្ញវត្ថុដល់ក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស វិនិយោគិន ម្ចាស់រោងចក្រ ប្រតិបត្តិករអាជីវកម្ម និងបុគ្គលិកកម្មករទាំងអស់។ 

កិច្ចសហការរវាងស្ថាប័នទាំងពីរ បានចាប់ផ្តើមរួចមកហើយ មុនពេលមានការចុះ MOU នេះ ដោយធនាគារ វីងបានវិនិយោគលើសញ្ញាបណ្ណសាជីវកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង កាលពីខែកញ្ញា ឆ្នាំ2025 ព្រមទាំងបានផ្តល់សេវាធនាគារសាជីវកម្ម និងសេវាបើកប្រាក់បៀវត្សនៅទូទាំងតំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់ប្រតិបត្តិករមួយនេះ ខណៈដែលបុគ្គលិកជាង 1000 នាក់ របស់ម្ចាស់រោងចក្រនានាកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សតាមរយៈធនាគារ វីង ផងដែរ។

តាមរយៈការចុះហត្ថលេខាលើ MoU ថ្មីនេះ ម្ចាស់រោងចក្រ នឹងអាចប្រើប្រាស់ដំណោះស្រយហិរញ្ញវត្ថុជាច្រើនថែមទៀតរបស់ធនាគារ វីង សម្រាប់ការចាត់ចែងសាច់ប្រាក់ ការប្រមូលថ្លៃជួលទីតាំង សេវាគ្រប់គ្រង វិក្កយបត្រទឹកភ្លើងតាមប្រព័ន្ធឌីជីថល ក៏ដូចជាការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈ វីង KHQR។ បន្ថែមពីនេះ អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏អាចស្នើសុំហិរញ្ញប្បទានពាណិជ្ជកម្ម និងទុនបង្វិលផងដែរ ដោយផ្អែកលើការវាយតម្លៃ និងការអនុម័តឥណទានរបស់ធនាគារ វីង។ ជាមួយគ្នានេះ ធនាគារ វីង ក៏មានក្រុមការងារផ្នែកទំនាក់ទំនងអតិថិជនយ៉ាងពិសេស ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ដល់តំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រទាំងអស់ផងដែរ។ 

ភាពជាដៃគូនេះ ក៏នឹងផ្តល់ជូននូវគណនីបើកប្រាក់បៀវត្ស ផលិតផលសន្សំ និងសេវាទូទាត់ ព្រមទាំងកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់បុគ្គលិកផងដែរ។ សម្រាប់បងប្អូនកម្មករ ថ្ងៃបើកប្រាក់ខែ នឹងក្លាយជាជំហានដំបូងដ៏ល្អមួយ ក្នុងការឈានទៅប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ ដែលផ្តល់ភាពងាយស្រួលតាំងពីការទទួលប្រាក់ខែ ការសន្សំ រហូតដល់ការទូទាត់ចំណាយផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃ។ 

បច្ចុប្បន្ន ធនាគារ វីង កំពុងបម្រើសេវាកម្មជូនដល់អាជីវកម្ម និងកម្មករនិយោជិតយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា តាមរយៈសេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្ម ដោយក្នុងនោះក៏មានសាខារបស់ធនាគារ វីង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ផងដែរ៕ 

Related Articles