ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុរវាងប្រទេសជិតខាងទាំងបី កម្ពុជា វៀតណាម និងឡាវ ត្រូវបានជំរុញឱ្យឈានឡើងដល់កម្រិតខ្ពស់មួយទៀត តាមរយៈកិច្ចប្រជុំទ្វេភាគី និងត្រីភាគីកម្រិតជាន់ខ្ពស់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម។

កិច្ចប្រជុំជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងបី ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងបី បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈមចម្បងៗ ព្រមទាំងការដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងវិធានការសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងកត្តាប្រឈមដោយភាពបុរេសកម្ម។

ទន្ទឹមនេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធបច្ចេកទេស ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់និងពហុភាគី៕









