Sunday, 15 November 2026
Economy

កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ក្នុងឆ្នាំ២០២៤

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។

នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

នាឱកាសនោះ លោក ហួត ហាក់ បានបញ្ជាក់ថា ការធ្លាក់ចុះ និងការកើនឡើងចំនួនភ្ញៀវទេសចរ គឺទាក់ទងជាមួយនឹងអន្តរវិស័យជាច្រើន ដូច្នេះ ត្រូវទាមទារឱ្យអ្នកសារព័ត៌មាន អ្នកផលិតមាតិកា រួមគ្នាផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់ពីសក្តានុពលទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីនៃក្រសួងទាំងពីរ ក៏បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងប្រឆាំងព័ត៌មានក្លែងក្លាយ» សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

សូមជម្រាបជូនថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២៦ រំពឹងថានឹងកើនដល់ ប្រមាណ ៧លាននាក់៕