Sunday, 15 November 2026
Economy

រដ្ឋាភិបាល តាមរយៈធនាគារ ARDB សម្រេចទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៀត ដើម្បីអន្តរាគមន៍ថ្លៃស្រូវរបស់ប្រជាកសិករ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (ARDB) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីអន្តរាគមន៍ជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករដែលកំពុងជួបបញ្ហានាពេលនេះ។

នេះបើយោងតាមប្រសាសន៍របស់ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ថ្លែងក្នុងឱកាសចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោក កៅ ថាច បានឱ្យដឹងថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ លោកថា រាជរដ្ឋាភិបាល តាមរយៈធនាគារ ARDB គិតមក ដល់ពេលបច្ចុប្បន្ននេះ បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ។

លោកបន្តថា៖« ទុនពិសេសដែលបានទម្លាក់មានទំហំទឹកប្រាក់ជាង ២០០លានដុល្លារ ក្នុងនោះទុនវិនិយោគប្រមាណ ៣០លានដុល្លារប៉ុណ្ណោះ សម្រាប់រក្សាលំនឹងថ្លៃស្រូវកសិករ ក្រៅពីនោះគឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់»។

សូមជម្រាបដែរថា ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដោយក្នុងនោះ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤៕