Sunday, 15 November 2026
Banking

មិនធម្មតា! ស្ត្រីខ្មែររូបនេះ មានប្រវត្តិដើររៀនច្រើនប្រទេស ទម្រាំក្លាយជាអគ្គទេសាភិបាលនៃធនាគារជាតិ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារជាតិនៃកម្ពុជា​ (តទៅ​នេះ​ហៅថា​ “ធនាគារជាតិ​”) បច្ចុប្បន្នមានលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាល ដោយបាននឹងកំពុងដឹកនាំនាវាស្ថាប័ន ក្រោមចំណុះរដ្ឋាភិបាល យ៉ាងស្វាហាប់។ មុនឈោងចាប់បានតំណែងធំ ជាអគ្គទេសាភិបាលនៃធនាគារជាតិ លោកស្រី ជា សិរី មានប្រវត្តិការងារយ៉ាងចាស់វស្សា និងទទួលបានការសិក្សាក្តោបគំនិតបានជ្រៅជ្រះជាច្រើនប្រទេស ទម្រាំអាចមានសមត្ថភាពគ្រប់គ្រាន់ទល់ដល់សព្វថ្ងៃនេះ។

លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

លោកស្រី ជា​ សិរី (កើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨១ ក្នុងទីក្រុងភ្នំពេញ) បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ជាអតីតសិស្សនៅសាលាបឋមសិក្សាបាក់ទូករហូតដល់ថ្នាក់ទី៦ បន្ទាប់មកក៏ផ្លាស់ទៅបារាំងនៅអាយុខ្ទង់ ៨ឆ្នាំ និងក្រោយមកទៀតក៏បានរៀនថ្នាក់អនុវិទ្យាល័យនៅទីនោះ។

លោកស្រីត្រូវផ្លាស់ប្តូរទៅរស់នៅប្រទេសសិង្ហបុរី ដែលជាកន្លែងរៀនថ្នាក់វិទ្យាល័យឆ្នាំចុងក្រោយ ក្នុងសាលាអន្តរជាតិបារាំង (French International School) ផងដែរ។ នៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវីកតូរៀល (Victoria University) ក្នុងទីក្រុង Wellington ប្រទេសញូហ្សេឡែន ក្រោមសញ្ញាបត្រពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។ បើតាម អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១០ លោកស្រី ទទួលបានសញ្ញប័ត្រថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងនៅឆ្នាំ២០១៩ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់មួយទៀត នៅសាលាគោលនយោបាយ លី ក្វាន់យូ។ នៅឆ្នាំ២០២១ លោកស្រី ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលីមួយបន្ថែមទៀត។

ដោយឡែក សម្រាប់បទពិសោធន៍ការងារវិញ លោកស្រីធ្លាប់ចូលបម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា ហើយបន្ទាប់ពីបំពេញការងារនៅទីនោះបានមួយរយៈពេល លោកស្រីក៏ត្រូវបានថ្នាក់ដឹកនាំ ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអគ្គនាយករងបច្ចេកទេស ហើយជាអគ្គនាយកបច្ចេកទេស បន្ទាប់មកទៀតក៏ក្លាយជាឧបការីទេសាភិបាលធនាគារជាតិ។

បើតាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដដែល បានបញ្ជាក់បន្ថែមថា នៅចន្លោះឆ្នាំ២០១៧ ដល់២០១៨ លោកស្រីបំពេញការងារជាសមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី។ កំឡុងពេលនោះ ពោលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ និងឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ លោកស្រីបន្តថែមកាតព្វកិច្ចជាសមាជិកក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី ព្រមទាំងជាស្ថាបនិកមូលនិធិរស្មីកម្ពុជា ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ។

គួរឲ្យដឹងបន្ថែមថា លោកស្រី ជា សិរី ឆ្លងកាត់បទពិសោធន៍ការងារជាច្រើនតួនាទីរួចមកហើយនោះ ក៏ទទួលបានតំណែងជាអគ្គទេសាភិបាលរងនៃធនាគារជាតិ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មុនឡើងទៅកាន់តំណែងជាអគ្គទេសាភិបាលនៃធនាគារជាតិ បន្តពីឳពុក (លោក ជា ចាន់តូ) ដូចនាពេលបច្ចុប្បន្ននេះ៕