Sunday, 15 November 2026
Banking

មេធំធនាគារ ABA ជួបទល់មុខជាមួយទេសាភិបាលធនាគារជាតិ បង្ហាញការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ ធនាគារជាតិកាណាដា ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) ដឹកនាំដោយ លោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោក Laurent​ បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិនិយោគក្នុងវិស័​យធនាគារនៅកម្ពុជានាពេលកន្លងមកនិងបានបញ្ជាក់ពីការតាំងចិត្តរបស់ ធនាគារជាតិកាណាដា ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាថែមទៀត ជាមួយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជា។ ក្រៅពីនេះ លោកក៏បានបញ្ជាក់ពីអាទិភាពរបស់ធនាគារ ABA ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ និងការពង្រឹងសុវត្ថិភាពសន្តិសុខសាយប័រ ព្រមទាំងការគាំទ្រដល់ការវិនិយោគលើថាមពលកកើតឡើងវិញផងដែរ។

លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅកម្ពុជានិងបានShareពីទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា​ព្រមទាំងរំលេចឡើងពីលទ្ធផលនៃការធ្វើអង្កេតទំនុកចិត្តធុរកិច្ចដែលបញ្ជាក់ពីភាពប្រសើរឡើងនៃទំនុកចិត្តរបស់ធុរជនមកលើបរិយាកាសវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ លោកជំទាវក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃការធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់អន្តរធនាគារប្រកបដោយភាពរលូន និងបានស្នើឱ្យមានកិច្ចសហការក្នុងចំណោមគ្រឹះស្ថានធនាគារដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន​ ឬស្នើសុំដំណោះស្រាយនានាផងដែរ៕