ពង្រឹងកិច្ចសហប្រតិបត្តិការ! ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅធនាគារ អេស៊ីលីដា
ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យហិរញ្ញវត្ថុរវាងកម្ពុជា និងកាណាដា កាន់តែមានភាពជិតស្និទ្ធ បន្ទាប់ពីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់មួយបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារលំដាប់ជួរមុខរបស់កម្ពុជា។

ដោយកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងស៊ីជម្រៅលើឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុទំនើប។ ជាមួយគ្នានេះ លោកបណ្ឌិត អុិន ចាន់នី ក៏បានធ្វើការណែនាំអំពីវឌ្ឍនភាព ការរីកចម្រើនឥតឈប់ឈរ និងតួនាទីដ៏សំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងកម្ពុជា (មាន ២៦៣សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៧សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា) ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា សេវាប័ណ្ណ សេវាឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត ។
