Sunday, 15 November 2026
Banking

ធនាគារ SBI សហការជាមួយ PUC ផ្តល់ឥណទានសិក្សាឥតការប្រាក់ រហូតដល់ $៨,០០០ ដើម្បីជ្រោមជ្រែងក្តីស្រមៃនិស្សិត

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

បញ្ហាហិរញ្ញវត្ថុនឹងមិនអាចក្លាយជាឧបសគ្គរារាំងផ្លូវសិក្សារបស់អ្នកទៀតឡើយ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ និស្សិតកម្ពុជាឥឡូវនេះអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដោយទំនុកចិត្ត ជាមួយកម្មវិធីហិរញ្ញវត្ថុដ៏ពិសេសមិនធ្លាប់មាន។

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការព្រមព្រៀង (MoU) យ៉ាងឱឡារិកជាមួយ ធនាគារ SBI Bank (Cambodia) ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រីកឱកាសអប់រំ និងកាត់បន្ថយឧបសគ្គហិរញ្ញវត្ថុសម្រាប់និស្សិតកម្ពុជា។

ក្រោមក្របខណ្ឌនៃកម្មវិធីជំនួយហិរញ្ញវត្ថុសិក្សារបស់ PUC (PUC Financial Aids Program) និស្សិតដែលមិនទទួលបានអាហារូបករណ៍ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានឱកាសដោះស្រាយបញ្ហាថវិកាភ្លាមៗ តាមរយៈការគាំទ្រពីធនាគារ ធានាថា «វិនិយោគលើការសិក្សាថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងស្អែក»។

កម្មវិធីឥណទានសិក្សានេះ រួមមានឥណទានសិក្សាឥតការប្រាក់ទាំងស្រុងក្នុងរយៈពេល ៤ឆ្នាំដំបូង ដោយសាកលវិទ្យាល័យ PUC ជាអ្នកទទួលបន្ទុកបង់ការប្រាក់ជំនួស, ទំហំឥណទានខ្ពស់ទទួលបានរហូតដល់ ៨,០០០ ដុល្លារអាមេរិក សម្រាប់សិស្សម្នាក់, រយៈពេលសងត្រឡប់វែងផ្តល់ជូនរហូតដល់ ៨ឆ្នាំ ជាមួយភាពបត់បែនខ្ពស់ក្នុងការសងត្រឡប់, ដំណើរការងាយស្រួលបំផុតដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំឡើយ, វិសាលភាពទូលំទូលាយអាចស្នើសុំបានសម្រាប់គ្រប់កម្មវិធីសិក្សា ចាប់ពីកម្មវិធីភាសាអង់គ្លេស បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត។

កិច្ចសហប្រតិបត្តិការនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងការបើកទ្វារចំណេះដឹងប្រកបដោយគុណភាព និងតម្លៃសមរម្យជូនសង្គមជាតិ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ PUC ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ SBI Bank (Cambodia) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងចូលរួមជ្រោមជ្រែងយ៉ាងសកម្មក្នុងវិស័យអប់រំនៅកម្ពុជា។