បោះជំហានទៅមុខ! ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី និងដៃគូអន្តរជាតិ បើកវេទិកាជំរុញ បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ដើម្បីពង្រឹងសេដ្ឋកិច្ចមាតាផ្ទះ និងស្ត្រីមានពិការភាព
ធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី និងអង្គការ Women’s World Banking រៀបចំសិក្ខាសាលា និងកិច្ចសន្ទនាដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា» កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ នៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍កម្រិតជាតិព្រឹកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីការទូតជាន់ខ្ពស់ រួមមាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Angelique Timmer នាយកតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ Women’s World Banking ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន សមាគម និងអង្គការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងក្នុងការកំណត់នូវយន្តការជាក់លាក់ ដើម្បីអនុវត្ត និងជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី។ នេះជាជំហានដ៏សំខាន់ក្នុងការនាំមកនូវសក្តានុពលពិតប្រាកដសម្រាប់ការបង្កើនអំណាចនិងពង្រឹងសេដ្ឋកិច្ចដល់ស្រ្តីកម្ពុជា។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមាសសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការស្វែងយល់ ឌីហ្សាញ និងបង្កើតនូវផលិតផល ក៏ដូចជាសេវាហិរញ្ញវត្ថុថ្មីៗ ឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់ស្ត្រី។

ក្រៅពីការបង្ហាញយុទ្ធសាស្ត្រ កិច្ចសន្ទនានេះបានផ្តល់ជាវេទិកាយ៉ាងរស់រវើកសម្រាប់ការផ្លាស់ប្តូរបទពិសោធ និងពិភាក្សាដេញដោលយ៉ាងស៊ីជម្រៅ។ អង្គសិក្ខាសាលាទាំងមូលបានលើកឡើងពីឱកាស និងកត្តាប្រឈមនានា ដែលស្ត្រីកំពុងជួបប្រទះ ដើម្បីយកធ្វើជាធាតុចូលដ៏មានតម្លៃក្នុងការរៀបចំគោលនយោបាយ។
អ្វីដែលជាចំណុចលេចធ្លោនោះគឺ ការគិតគូរដ៏ហ្មត់ចត់លើការបង្កើតសេវាហិញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីទូទៅ និងជាពិសេសគឺ «ស្ត្រីមានពិការភាព» ដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។



