ស្របពេលប្រទេសជុំវិញពិភពលោក ពិសេសអាមេរិកកាត់ផ្តាច់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ឬប្រទេសកំពុងជួបការលំបាក បែរជាមហាសេដ្ឋីប្រាក់ពាន់លាន លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ បានសន្យាច្បាស់ៗថា ខ្លួននឹងបរិច្ចាគនូវទ្រព្យសម្បត្តិទាំងអស់ ពោលប្រមាណជា ២០០ពាន់លានដុល្លារ វេរចូលទៅក្នុងគណនីកញ្ចប់មូលនិធិសប្បុរសធម៌ ដែលតែងតែសកម្មជួយជនក្រីក្រលំបាក ក្នុងរយៈពេលយ៉ាងយូរបំផុតនៅជាង ២០ឆ្នាំខាងមុខ។

បុរសវ័យ ៦៩ឆ្នាំរូបនេះ បានលើកឡើងថា គាត់កំពុងសម្រុកផែនការបែងចែកទ្រព្យសម្បត្តិដែលខ្លួនរកបាន ហើយក៏នឹងត្រៀមដើម្បីបិទមូលនិធិ Gates Foundation នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤៥ ខាងមុខ។ ម្យ៉ាងវិញទៀត លោករិះគន់ចំៗទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរ ចំពោះការកាត់ជំនួយបរទេសពីសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួញធំជាងគេលើពិភពលោក មិនញញើតដៃ ខណៈការកាត់ជំនួយពីចក្រភពអង់គ្លេស និងបារាំងក៏ដូចគ្នា។ លោក Gates ថា ទោះបីមានលុយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចជួយដល់ពួកគេ ដែលកំពុងស្ថិតនៅស្ថានភាពលំបាកបាននោះដែរ បើសិនជាគ្មានការចូលរួមពីរដ្ឋាភិបាល។
បន្ថែមពីនោះ បើយោងតាមលោក Gates ក៏បានឲ្យដឹងផងដែរថា មូលនិធិនឹងបិទទាំងស្រុង បន្ទាប់ពីចំណាយប្រាក់អស់ប្រហែល៩៩% នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់។ រឿងដែលសំខាន់ គឺចាប់តាំងពីបង្កើតមូលនិធិសប្បុរសធម៌ជាមួយអតីតភរិយារបស់ខ្លួន គឺលោកស្រី Melinda French Gates មក មូលនិធិបានបរិច្ចាគ ១០០ពាន់លានដុល្លារួចមកហើយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់លាន រាប់សែននាក់ នៅជុំវិញពិភពលោក៕
