Cam Bank News

តស៊ូធ្វើ YouTube ពីបាតដៃទទេ ឥឡូវជោគជ័យខ្លាំង MrBeast ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង កាន់ជំនួញជាច្រើននៅក្នុងដៃ

លោក Jimmy Donaldson ហៅក្រៅថា MrBeast ដែលជាអ្នកផលិតមាតិកាដ៏ល្បីល្បាញម្នាក់នៅលើបណ្តាញសង្គម ជាពិសេសនៅលើ YouTube ផ្ទាល់តែម្តង ត្រូវបានគេរាយការណ៍មកថា លោកកំពុងមានកំណើនទ្រព្យសម្បត្តិដ៏មហាសាល ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង។

MrBeast ក្រៅពីល្បីនៅលើឆាណែល YouTube ផ្ទាល់ខ្លួនរបស់គាត់ លោកក៏មានអាជីវកម្មជាច្រើនផ្សេងទៀតកាន់នៅក្នុងដៃ ខណៈដែលអាជីវកម្មទាំងអស់នោះបានធ្វើឲ្យរូបលោក មានទ្រព្យសម្បត្តិប្រមាណ ១ពាន់លានដុល្លារ​ ហើយចំណូលប្រចាំខែជាមធ្យមអាចចូលខ្ទង់ ៥០លានដុល្លារ នេះបើតាមរបាយករណ៍ពី Celebrity Net Worth ។

កាលពីឆ្នាំមុន MrBeast ជាបុគ្គលម្នាក់ស្ថិតនៅក្នុងចំណោមអ្នកបង្កើតមាតិកាដ៏ល្បីល្បាញជាងគេបំផុតរបស់ទស្សនាវដ្តី Forbes ហើយ Forbes ក៏បានបញ្ជាក់ដែរថា កាលនោះលោកមានទ្រព្យសម្បត្តិចំនួន ៨៥លានដុល្លារ ប៉ុន្តែកាលពីឆ្នាំ២០២៤ ដដែលនោះ ដំណឹងពីតុលាការ ធ្លាប់បានស្រាវជ្រាវ ហើយរកឃើញថា លោកមានទ្រព្យសម្បត្តិចំនួន ២២៣លានដុល្លារនៅឆ្នាំ២០២៣ និងបានបន្តកើនឡើងបន្ថែមទៀតរហូតដល់ចំនួន ៧០០លានដុល្លារក្នុងឆ្នាំ២០២៤ ។

សូមជម្រាបថា MrBeast ចាប់ផ្តើមធ្វើវីដេអូដាក់លើ YouTube តាំងតែពីឆ្នាំ២០១៧ ហើយបានបន្តធ្វើវាជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះ ខណៈលោកក៏ក្តោបក្តាប់អាជីកម្មផ្សេងទៀត ដូចជា Beast Burger, Juice Funds, Feastables,​ វិនិយោគលើកាក់ Cryptocurrency, XCAD Network និង Coinbase and Refinable ជាដើម ខណៈនាពេលថ្មីៗនេះត្រូវបានគេដឹងថា លោកបានចុះកិច្ចសន្យាតម្លៃខ្លួន ១០០លានដុល្លារជាមួយកម្មវិធីទូរទស្សន៍របស់ Amazon ផងដែរ៕

Related Articles