មន្ត្រីជំនាញនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមក្នុងកម្មវិធីអន្តរជាតិដ៏មានសារៈសំខាន់ស្តីពី “Unlocking Capital for Sustainability” ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Suntec Singapore នាប្រទេសសិង្ហបុរី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

សកម្មភាពនេះធ្វើឡើងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដោយក្នុងនោះ កញ្ញា ពេជ្រ ម៉ារីតា អនុប្រធានការិយាល័យសហប្រតិបត្តិការ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ ត្រូវបានចាត់តាំងឱ្យតំណាងស្ថាប័នចូលរួមក្នុងព្រឹត្តិការណ៍នេះ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីវិធីសាស្ត្រក្នុងការប្រមូលផ្តុំ និងប្រើប្រាស់ទុនឱ្យមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស កម្មវិធីបានផ្តោតលើការសិក្សាអំពីតួនាទីរបស់វិស័យហិរញ្ញវត្ថុ និងវិនិយោគិនក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការការពារធនធានធម្មជាតិ និងជីវចម្រុះ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យា និងអាជីវកម្មប្រកបដោយចីរភាព។

បន្ថែមពីនេះ កម្មវិធីក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាអំពីយន្តការហិរញ្ញវត្ថុថ្មីៗដូចជា ហិរញ្ញប្បទានចម្រុះ (Blended Finance) និងវិធីសាស្ត្រកាត់បន្ថយហានិភ័យ ដើម្បីជំរុញឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនទៅក្នុងគម្រោងប្រកបដោយចីរភាព។ តាមរយៈការចូលរួមនេះ មន្ត្រីជំនាញនៃ ន.ប.ធ. ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗអំពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការវិនិយោគក្នុងតំបន់ ដែលអាចជាធាតុចូលដ៏មានតម្លៃសម្រាប់ការសិក្សា និងការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។



