Cam Bank News

លោក ឈន វឌ្ឍនៈ៖ វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមានចំណេះដឹង ជំនាញច្បាស់លាស់

វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមាន ចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ដែលរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្មីៗនេះ។

អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ដើម្បីជាផ្នែកមួយនៃការកសាង និងពង្រឹងសមត្ថភាពដល់យុវជនកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននឹងកំពុងសហការយ៉ាងជិត​ស្និទ្ធ​ជាមួយនឹងសាកលវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការត្រៀមខ្លួនសម្រាប់អាជីព និងជំនាញវិជ្ជាជីវៈ របស់យុវជនសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោកបានលើកឡើងថា យុវជនគឺជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនាពេលអនាគត ដូច្នេះយុវជនគួរតែចាប់ផ្តើមអភិវឌ្ឍចំណេះដឹង ជំនាញរបស់ខ្លួន ជាពិសេសចំណេះដឹងអំពីវិស័យ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោកក៏បានសង្កត់ធ្ងន់ដែរថា ការត្រៀមខ្លួនសម្រាប់អាជីពក្នុងវិស័យហិរញ្ញវត្ថុ គួរចាប់ផ្តើមតាំងពីពេលនៅកំពុងសិក្សា តាមរយៈការឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីវិស័យហិរញ្ញវត្ថុ អភិវឌ្ឍជំនាញវិជ្ជាជីវៈ ស្វែងរកបទពិសោធន៍ និងឈ្វេងយល់ពីតម្រូវការទីផ្សារការងារនៅក្នុងវិស័យ ដើម្បីត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ការចាប់ផ្តើមអាជីពក្រោយពីបញ្ចប់ការសិក្សា៕

Related Articles