Cam Bank News

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ក្នុងឱកាសនោះ សមាគមបានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹង ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការរៀបចំផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូល-ចំណាយ ការសន្សំ ការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ សមាគមក៏បានចែករំលែកអំពី ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជា តួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វិស័យក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ព្រមទាំងបង្ហាញពី ឱកាសការងារ និងអាជីពក្នុងវិស័យហិរញ្ញវត្ថុ។

តាមរយៈសិក្ខាសាលានេះ សិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងគន្លឹះសំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ ត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និងស្វែងយល់កាន់តែច្បាស់អំពីទិសដៅ និងឱកាសការងារនៅក្នុងវិស័យ។ ការលើកកម្ពស់ចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់យុវជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលមាន សមត្ថភាព ការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

Related Articles