Cam Bank News

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចូលរួមកសាងធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ» ដោយមានការអញ្ជើញចូលរួមពីលោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាជាច្រើននាក់ផងដែរ។

លោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា៖ «ចំណេះដឹង ជំនាញ និងផ្នត់គំនិត គឺជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើនរបស់យុវជន។ ក្រៅពីការយល់ដឹងអំពីការចាត់ចែងលុយកាក់ យុវជនក៏គួរតែឈ្វេងយល់អំពីការសន្សំប្រាក់ផងដែរ ដោយអាចអនុវត្តគោលការណ៍ “សន្សំមុន ចំណាយក្រោយ” ព្រោះការសន្សំប្រាក់នៅថ្ងៃនេះ នឹងផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុនៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកក៏បានបន្ថែមដែរថា ការខិតខំប្រឹងប្រែងបំពេញការងារជាមួយនឹងស្មារតីទទួលខុសត្រូវ ក៏ជាគន្លឹះដ៏ចាំបាច់មួយដែលអាចនាំទៅរកភាពជោគជ័យ មិនថាយើងមានបំណងធ្វើការក្នុងវិស័យ ឬមុខរបរណានោះទេ»។

ទន្ទឹមនឹងនេះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញអំពីតួនាទីរបស់សមាគម ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសការចូលរួមចំណែករបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងតម្រូវការ និងឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ដោយឡែក លោក រុំ រដ្ឋា នាយកអង្គភាពពាណិជ្ជកម្ម នៃគ្រឹះស្ថាន អម្រឹត ភីអិលស៊ី បានចែករំលែកអំពីការកំណត់គោលដៅហិរញ្ញវត្ថុ ការរៀបចំថវិកា ការបង្កើតទម្លាប់សន្សំ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីជួយឱ្យយុវជនមានចំណេះដឹង និងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានកាន់តែប្រសើរ។

គួររំលឹកដែរថា កម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការចូលរួម កសាងធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុតាមរយៈការតភ្ជាប់រវាងគ្រឹះស្ថានអប់រំ និងអ្នកជំនាញក្នុងវិស័យ សំដៅពង្រឹងការត្រៀមខ្លួនរបស់យុវជនកម្ពុជាសម្រាប់ទីផ្សារការងារ ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យប្រកបដោយចីរភាព៕

Related Articles