Cam Bank News

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយ សាកលវិទ្យាល័យអន្តរជាតិ ឌូវី រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ»

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយ សាកលវិទ្យាល័យអន្តរជាតិ ឌូវី រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ» ដោយមានការចូលរួមពី លោក ឌី ស៊ីថា សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ភន ម៉ុច សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ជាច្រើននាក់។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ដឹងអំពីធនាគារនិងហិរញ្ញវត្ថុជាពិសេសវិស័យមីក្រូហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សិក្ខាសាលាដដែលនេះក៏ជាវេទិការចែករំលែកនូវចំណេះដឹងព្រមទាំងពិសោធល្អៗពាក់ព័ន្ធនឹងឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុដល់សិស្ស-និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី។

ទន្ទឹមនឹងនេះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញអំពីតួនាទីរបស់សមាគម ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងការចូលរួមចំណែករបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងតម្រូវការ និងឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ខណៈ លោក ឌី ស៊ីថា បានចែករំលែកចំណេះដឹងស្តីពីការកំណត់គោលដៅហិរញ្ញវត្ថុ ការរៀបចំថវិកា ការបង្កើតទម្លាប់សន្សំ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាព។

តាមរយៈការបន្តសហការជាមួយគ្រឹះស្ថានអប់រំ សមាជិក និងដៃគូពាក់ព័ន្ធ សមាគមបន្តប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា សំដៅរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

Related Articles