សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ CamEd Business School រៀបចំសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពវិជ្ជាជីវៈរបស់យុវជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជួយឱ្យសិស្ស-និស្សិតស្វែងយល់កាន់តែច្បាស់អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសវិស័យមីក្រូហិរញ្ញវត្ថុ ព្រមទាំងជំនាញ ឱកាសការងារ និងទិសដៅអាជីពក្នុងវិស័យនេះ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់សម្រាប់យុវជន ក្នុងការគ្រប់គ្រងប្រាក់ សន្សំសម្រាប់អនាគត ប្រើប្រាស់ឥណទានដោយមានការទទួលខុសត្រូវ យល់ដឹងពីហានិភ័យ និងធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង។ លោកក៏បានបន្ថែមដែរថា សម្រាប់សមាគម ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចការអាទិភាពមួយដើម្បីកសាងវិស័យហិរញ្ញវត្ថុឱ្យមានភាពរីកចម្រើន និងបរិយាបន្ន។
ទន្ទឹមនឹងនេះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញអំពីតួនាទីរបស់សមាគម ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុ និងឱកាសការងារក្នុងវិស័យ ដោយផ្តល់ឱ្យប្អូនៗសិស្ស-និស្សិតនូវការយល់ដឹងកាន់តែច្បាស់អំពីការងារ និងអាជីពដែលអាចស្វែងរកបានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកក៏បានចែករំលែកអំពីការចូលរួមចំណែកដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីតម្រូវការ និងឱកាសអាជីពផ្សេងៗក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ អ្នកស្រី ណុប សុជាតិ នាយិកានាយកដ្ឋានគ្រប់គ្រងចីរភាព នៃគ្រឹះស្ថាន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីបានធ្វើបទបង្ហាញអំពី ការរៀបចំថវិកា ការបង្កើតទម្លាប់សន្សំ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាព។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៦ សមាគមបានរៀបចំកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅតាមបណ្តាស្ថាប័នអប់រំចំនួន ៦ ដោយមានសិស្ស-និស្សិតចូលរួមជាង ៦៨០នាក់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគម និងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីព ជាពិសេសការបង្កើតនូវឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុដល់យុវជនកម្ពុជា៕







