ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានថ្លែងថា សហគ្រាសធុនតូច និងមធ្យមត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការលូតលាស់អាជីវកម្ម និងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ។

នៅក្នុងសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» កាលពីចុងសប្តាហ៍កន្លងទៅនេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។

គោលបំណងនៃកម្មវិធីសិក្ខាសាលា គឺ៖
– ពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យយល់ដឹងពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីពង្រីកអាជីវកម្ម។
– ផ្តល់ចំណេះដឹងជាក់ស្តែងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងការយល់ដឹងពីបទប្បញ្ញត្តិច្បាប់នានា។
– ប្រមូលផ្តុំនូវរាល់បញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន។
គួរឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់សហគ្រាសប្រមាណជា ១៥០រូប៕



