Cam Bank News

អំឡុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៦ គ្រឹះស្ថានជាសមាជិកនៃគម្រោង CREFA បញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារអាមេរិក

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» បានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្ការ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានចូលរួមពីមន្ត្រីឥណទាន ប្រធានសាខា ព្រមទាំងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង Climate Resilience For All (CREFA) សរុបជិត ១១០ នាក់។

ថ្លែងក្នុងពិធីបិទវគ្គនោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងពីផលជះវិជ្ជមាន ក៏ដូចជាសមិទ្ធផលសំខាន់ៗរបស់គម្រោង CREFA ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ លោកបានបញ្ជាក់ថា ក្នុងអំឡុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៦ គ្រឹះស្ថានជាសមាជិកនៃគម្រោង CREFA បញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារអាមេរិក ដែលផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់ ទូទាំងប្រទេស។ លោកក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ បន្តចូលរួមក្នុងសកម្មភាពកសាងសមត្ថភាព និងសកម្មភាពនានារបស់សមាគម ជាពិសេសក្រោមគម្រោង CREFA ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ ក្នុងការចាប់យកឱកាសហិរញ្ញប្បទានបៃតងពីវិនិយោគិននាពេលអនាគត។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់សមាគមក្នុងការពង្រឹងសមត្ថភាពវិស័យមីក្រូហិរញ្ញវត្ថុ និងជំរុញការអនុវត្តហិរញ្ញប្បទានប្រកបដោយចីរភាព ស្របតាមទិសដៅរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស កិច្ចការនេះ ក៏ស្របគ្នាជាមួយការដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព” សម្រាប់វិស័យធនាគារនៅកម្ពុជា ដែលជាក្របខណ្ឌដ៏មានសារៈសំខាន់សម្រាប់ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង ស្របតាមទិសដៅជាតិ។

សមាគមនឹងបន្តសហការជាមួយ ដៃគូអភិវឌ្ឍ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងគាំទ្រដល់ការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកកសាងវិស័យហិរញ្ញវត្ថុដែលមានភាពធន់ ប្រកបដោយចីរភាព និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

Related Articles