លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដឹកនាំសហការី ជួបពិភាក្សាការងារជាមួយតំណាងវិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុនៃក្រុមហ៊ុន Proparco កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យសមាគម។

ជំនួបនេះមានគោលបំណងផ្លាស់ប្តូរទស្សនៈ និងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាព និងនិន្នាការនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមមាន កំណើនវិស័យ គុណភាពផលប័ត្រឥណទាន ព្រមទាំង ក្របខណ្ឌបទប្បញ្ញត្តិនានានៅក្នុងវិស័យ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់វិស័យពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន។

ក្នុងឱកាសនោះ សមាគម ក៏បានចែករំលែកអំពី កិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអតិថិជន តាមរយៈការអនុវត្តគម្រោង ការរៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងយុទ្ធនាការផ្សព្វផ្សាយនានា ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗរបស់វិស័យ សំដៅលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យប្រកបដោយ ចីរភាព បរិយាបន្ន និងការការពារអតិថិជននៅកម្ពុជា៕




