នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក Enrique I. Florencio អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ៖
១. លោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា
២. លោក Thimal Perera អគ្គនាយកធនាគារ DFCC Bank

នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មីដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើ ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និង ហិរញ្ញវត្ថុបៃតង (Green Finance)។
ទន្ទឹមនឹងនេះ ក្នុងនាមជាអគ្គនាយកធនាគារ ARDB ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងចំណាប់អារម្មណ៍យ៉ាងសកម្មរបស់ ARDB ក្នុងការចូលរួមជំរុញយន្តការផ្ដល់ហិរញ្ញប្បទានបៃតងនៅប្រទេសកម្ពុជា។ តួនាទីស្នូលនេះរួមមាន ការគាំទ្រឥណទានសម្រាប់វិស័យកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (Climate-Smart Agriculture) ការលើកទឹកចិត្តដល់ខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្មឱ្យងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ និងការធ្វើជាស្ពានទាក់ទាញប្រភពទុនបៃតងអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។







