Cam Bank News

ប្រធាននាយកប្រតិបត្តិធនាគារ FTB នឹងបង្ហាញទស្សនទានគន្លឹះស្តីពីការទូទាត់ឆ្លងដែន ក្នុងវេទិកាកំពូល Black Swan Summit 2026

ធនាគារ FTB មានមោទនភាពក្រៃលែងដោយ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាអន្តរជាតិ Black Swan Summit Cambodia 2026 ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍កម្រិតតំបន់ដ៏មានឥទ្ធិពលមួយនេះ នឹងប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំ និងអ្នកជំនាញជាន់ខ្ពស់ជាច្រើនរូប ក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។

នៅក្នុងកិច្ចពិភាក្សាដេញដោលដ៏សំខាន់នេះ លោកប្រធាននាយកប្រតិបត្តិ នឹងនាំយកបទពិសោធន៍ជាក់ស្តែង និងទស្សនវិស័យវែងឆ្ងាយមកចែករំលែកលើប្រធានបទស្តីពី សេដ្ឋកិច្ចច្រករបៀង៖ ការតភ្ជាប់ការទូទាត់ឆ្លងដែន។ វគ្គពិភាក្សានេះ នឹងផ្តោតជាសំខាន់លើការបង្កើតតម្លៃក្នុងប្រព័ន្ធសេដ្ឋកិច្ច ការកំណត់ករណីប្រើប្រាស់ដែលគួរអនុវត្តជាអាទិភាព ការផ្សារភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់បញ្ចូលគ្នាដោយមិនចាំបាច់កសាងថ្មីទាំងស្រុង ព្រមទាំងការស្វែងរកដំណោះស្រាយលើការទទួលបន្ទុកចំណាយ និងហានិភ័យក្នុងការបង្កើតច្រករបៀងទូទាត់ដំបូង មុនពេលបរិមាណប្រតិបត្តិការកើនឡើងដល់កម្រិតដែលអាចរក្សានិរន្តរភាពបាន។

ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ FTB ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ មិនត្រឹមតែស្តែងឱ្យឃើញពីការទទួលស្គាល់នូវសមត្ថភាពដឹកនាំរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់ធនាគារ FTB ក្នុងការចូលរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុកម្ពុជាទៅក្នុងតំបន់ និងពិភពលោកស្របតាមនិន្នាការសកលផងដែរ៕

Related Articles