Cam Bank News

ធនាគារ អេស៊ីលីដា ឈ្នះពានរង្វាន់ «ដៃគូទូទាត់ឆ្នើម ឆ្នាំ២០២៥» ពីស្ថាប័នហិរញ្ញវត្ថុយក្សអាមេរិក BNY ឆ្លុះបញ្ចាំងពីសេវាកម្មផ្ទេរប្រាក់លំដាប់ខ្ពស់

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា មានមោទនភាព និងសោមនស្សរីករាយយ៉ាងក្រៃលែង ដែលធនាគារឈានមុខមួយនេះទើបតែបានទទួលពានរង្វាន់លំដាប់អន្តរជាតិដ៏មានតម្លៃ «ដៃគូទូទាត់ឆ្នើម ឆ្នាំ២០២៥» (STP Excellence Award 2025) ពីក្រុមហ៊ុន The Bank of New York Mellon Corporation (BNY) ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយរបស់សហរដ្ឋអាមេរិក។

ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយសញ្ជាក់យ៉ាងច្បាស់ និងជាការទទួលស្គាល់ជាអន្តរជាតិនូវសមិទ្ធផលដ៏អស្ចារ្យ ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ឥតងាករេរបស់ ធនាគារ អេស៊ីលីដា ក្នុងការផ្តល់សេវាផ្ទេរប្រាក់ចេញ-ចូលក្រៅប្រទេស។ នេះឆ្លុះបញ្ចាំងពីសមត្ថភាពស្នូលរបស់ធនាគារ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាពឥតខ្ចោះ និងភាពជឿទុកចិត្តបំផុតសម្រាប់អតិថិជន និងដៃគូអាជីវកម្មទាំងអស់។

តាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការពង្រឹងរចនាសម្ព័ន្ធប្រតិបត្តិការឱ្យស្របតាមស្តង់ដារសកលលោក ធនាគារ អេស៊ីលីដា បានធ្វើឱ្យដំណើរការផ្ទេរប្រាក់ និងទូទាត់អន្តរជាតិប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ ធានាបាននូវល្បឿនលឿនរហ័ស ភាពត្រឹមត្រូវឥតខ្ចោះ និងមានសុវត្ថិភាពកម្រិតខ្ពស់។ ពានរង្វាន់ពី BNY នេះ មិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ អេស៊ីលីដា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាព និងជាការលើកមុខមាត់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិផងដែរ។

Related Articles