Cam Bank News

ARDB បើកកញ្ចប់ឥណទានការប្រាក់ទាបបំផុត ដើម្បីជំរុញវិស័យកសិកម្ម និងការនាំចេញអង្ករ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងគេបំផុតក្នុងទីផ្សារ ជូនដល់ប្រជាកសិករ និងអ្នកកែច្នៃកសិផល ដើម្បីយកទៅពង្រីកមុខរបរ និងអាជីវកម្ម។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករជាង ២០០នាក់ នៅស្រុកកំពង់ស្វាយ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានសង្កត់ធ្ងន់ថា ARDB គឺជា «ដៃស្តាំ» របស់រាជរដ្ឋាភិបាលក្នុងការបញ្ចេញទុនទៅដល់ជនបទ។ ឯកឧត្តមបានថ្លែងថា៖ «ធនាគាររបស់រដ្ឋនេះតែងតែផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីក្នុងអត្រាការប្រាក់សមរម្យ ហើយទាបជាងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម វារីវប្បកម្ម ការកែច្នៃ និងសិប្បកម្មខ្នាតតូច»។

ឯកឧត្តមបណ្ឌិតបានបង្ហើបឱ្យដឹងពីអត្រាការប្រាក់ពិសេសថា កន្លងទៅសម្រាប់ការទម្លាក់កម្ចីទៅក្នុងផ្នែកស្រូវអង្ករគឺមានអត្រាការប្រាក់ត្រឹមតែ ៥,៥% ក្នុងមួយឆ្នាំ ប៉ុណ្ណោះ ចំណែកឯវិស័យកសិកម្មទូទៅគឺមានអត្រាការប្រាក់ប្រហែល ០,៦៥% ក្នុងមួយខែ។

ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយកបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកសិករខ្មែរ ដែលបានខិតខំប្រឹងប្រែងរហូតធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវគោលនយោបាយប្រវត្តិសាស្ត្រ គឺការនាំចេញអង្ករទៅក្រៅប្រទេសបានជាង ១លានតោននៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងជោគជ័យនេះ ធនាគារ ARDB នឹងបន្តបេសកកម្មស្នូលរបស់ខ្លួនក្នុងការផ្សព្វផ្សាយ និងនាំយកប្រភពទុនការប្រាក់ទាបនេះទៅជួយកសិករនៅទូទាំងប្រទេសឱ្យកាន់តែទូលំទូលាយជាងមុន៕

Related Articles