លោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាមនៃធនាគារ វីង បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី ៥ ដែលបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ នៅឯសណ្ឋាគារ សុខា ភ្នំពេញ។

សន្និសីទប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ»។ ព្រឹត្តិការណ៍កម្រិតជាតិមួយនេះ បានក្លាយជាវេទិកាដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការផ្លាស់ប្តូរទស្សនៈ ជំរុញអភិបាលកិច្ចល្អ ការផ្តល់សេវាធនាគារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងការពង្រឹងភាពធន់នៃវិស័យធនាគារទាំងមូលនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ធនាគារ វីង បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សាដ៏មានអត្ថន័យ និងយុទ្ធសាស្ត្រនេះ។ ជាមួយគ្នានេះផងដែរ ធនាគារ វីង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តរួមចំណែកកសាង និងអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាបន្ន និរន្តរភាព និងរក្សាបាននូវភាពធន់រឹងមាំ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។

ធនាគារ វីង (ខេមបូឌា) ម.ក គឺជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ ១០០% ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល ។ ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ នវានុវត្តន៍ប្រកបដោយការ ទទួលខុសត្រូវ និងសមត្ថភាពឌីជីថលដ៏ទំនើប ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែបជាង ១០០ប្រភេទតាមរយៈអេប Wing Bank៕



