Sunday, 15 November 2026
Banking

៥ឆ្នាំចុងក្រោយ ធនាគារ​ អេស ប៊ី អាយ លី ហួរ កើនទ្រព្យសកម្មដល់ទៅជាង ១១០០លានដុល្លារ ខណៈឥណទាន និងប្រាក់បញ្ញើសុទ្ធសឹងតែមានកំណើនលើស ៨០០លានដុល្លារ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨ លានដុល្លារអាមេរិក ឥណទាន ១៩៦.៩ លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧ លានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយបានពង្រីកសាខា ៤៥ ទូទាំងប្រទេស និងបុគ្គលិកបម្រើការ ១.១៥៧ នាក់ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង៣៣ពាន់នាក់។ លើសពីនេះ ធនាគារបានកែលម្អសាខា និងដាក់ដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្ត (ATM/CRM) នៅទូទាំងប្រទេស ព្រមទាំងដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងសេវាភតិសន្យាផងដែរ។

ក្នុងឆ្នាំ ២០២១ ធនាគារបានជំរុញឌីជីថលតូបនីយកម្ម ដោយដាក់ឱ្យដំណើរការធនាគារចល័ត និងបន្ថែមការទូទាត់ QR លើធនាគារចល័ត។ ឆ្នាំ ២០២២ ធនាគារបានពង្រីកសេវាកម្ម ដោយដាក់ឱ្យដំណើរការបណ្ណវីសា និង KHQR។ ឆ្នាំ ២០២៣ ធនាគារបានពង្រឹងមូលធនដល់ ១០០ លានដុល្លារអាមេរិក កើនពី៧៥ លានដុល្លារអាមេរិក និងដំណើរការប្រព័ន្ធធនាគារស្នូល T24 (ដំណាក់កាលទី១)។ ក្នុងឆ្នាំ ២០២៤ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ធពេញលេញ ដោយប្តូរប្រព័ន្ធធនាគារស្នូលទៅ T24 ទាំងស្រុង និងដាក់ឱ្យប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណមុនគេនៅកម្ពុជា។

គិតត្រឹមខែកុម្ភះ ឆ្នាំ២០២៥ ធនាគារបានសម្រេចបានកំណើនដ៏ខ្លាំងក្លាជាមួយនឹងទ្រព្យសកម្ម ១,១០២ លានដុល្លារអាមេរិក ឥណទាន ៨៤១ លានដុល្លារអាមេរិក ប្រាក់បញ្ញើ ៨២៦ លានដុល្លារអាមេរិក អតិថិជនជាង ១៣៨ ពាន់នាក់ និងបុគ្គលិក ១.៣៧៩ នាក់។

សូមជម្រាបថា បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង និងមានការសហការដៃគូរដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរវេរលុយចំនួនជាង៣០០០ កន្លែងនៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនយើង៕